ភ្នំពេញ  ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  បានឲ្យដឹងថា  ការរៀបចំច្បាប់  ស្តីពី  ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនមានចរិតជាការរំលោភសិទ្ធិ មនុស្ស ឬជាឧបករណ៍ប្រមូលអំណាច ដូចការចោទប្រកាន់បែបអគតិរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា   នៅថ្ងៃទី១៣  ខែមេសា  ឆ្នាំ ២០២០  ថា" ការរៀបចំច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនមានចរិតជាការរំលោភសិទ្ធិ មនុស្ស ឬជាឧបករណ៍ប្រមូលអំណាច ដូចការចោទប្រកាន់បែបអគតិរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ តែផ្ទុយទៅវិញ ច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដ៏មានតម្លៃក្នុងការការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួល បាននូវសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ដែលជាក្តីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងស្របតាមគោលការណ៍នីតិរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ"។

គណៈកម្មាធិការសិទ្ធិមនុស្ស  អំពាវនាវដល់ សាធារណជនទាំងអស់ផងដែរ កុំឱ្យមានការព្រួយបារម្ភពីការរៀបចំ និងដាក់ឱ្យអនុវត្តច្បាប់នេះ ពោលគឺ សូមមានទំនុកចិត្ត និងការជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ និងការ ទទួលខុសត្រូវខ្ពស់ ចំពោះសុខទុក្ខរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ ដោយហេតុថា ការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ហើយឈានទៅការអនុវត្តបញ្ញត្តិនៃច្បាប់នេះ គឺនឹងត្រូវពិចារណាក្នុងករណីដែលចាំបាច់បំផុត ក្នុងគោលដៅការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមទាំងអាយុជីវិត សុខភាព ផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងសង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា  សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន  មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវពិភាក្សា និងឱ្យយោបល់ដោយព្រឹទ្ធសភា នៅចុងសប្តាហ៍នេះ៕

ដោយ  ៖ E B

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់ អ្នកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ